ពលរដ្ឋចិននៅទីក្រុងប៉េកាំង ចាប់ផ្ដើមបង្ហាញអារម្មណ៍រង្គាសចិត្ត និងប្រឆាំងជំទាស់ចំពោះគម្រោងបិទដំណើរការបណ្ដាញសង្គមរបស់ចិនឈ្មោះ ទីកតុក(Tik Tok)នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីជាការវាយបកគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នេះ។ ពលរដ្ឋចិនចាត់ទុកថាចំណាត់ការនេះនឹងនាំឲ្យខាតបង់ ច្រើនជាងចំណេញ។ ពលរដ្ឋចិនខ្លះចាត់ទុកថា ទីកតុក(Tik Tok)បានជួយធ្វើឲ្យតារាអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកល្បីឈ្មោះនៅលើបណ្ដាញសង្គម និងមានគេស្គាល់ច្រើន។ 

ពួកគេយល់ថាចំណាត់ការចំពោះ ទីកតុក (Tik Tok) នេះកើតឡើងដោយសារតែទំនាស់សេដ្ឋកិច្ច។ អ្នកខ្លះទៀតទទួលស្គាល់ថាគេត្រូវតែចេះសម្របខ្លួន បើចង់ធ្វើជំនួញឲ្យបានសុខសប្បាយនៅសហរដ្ឋអាមេរិក។ ប៉ុន្តែបើគេបង្ខំឲ្យក្រុមហ៊ុនចិនលក់ ទីកតុក(Tik Tok) បែបនេះ វាជារឿងមិនសមហេតុផល។ ពួកគេយល់ថា សហរដ្ឋអាមេរិកធ្វើបែបនេះ ផ្ទុយនឹងគោលជំហររបស់ខ្លួនជាប្រទេសប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា លោក ត្រាំ ទុកពេល៤៥ថ្ងៃឲ្យក្រុមហ៊ុន បាយដាន់ (ByteDance) ដែលជាអ្នកបង្កើត ទីកតុក (Tik Tok)ចរចាគ្នាជាមួយក្រុមហ៊ុនម៉ៃក្រូសូហ្វ។

ក្រុមហ៊ុន បាយដាន់ ថ្លែងថាខ្លួនកំពុងជួបនឹងរឿងស្មុគស្មាញបំផុត។ មុនដំបូង សង្ឃឹមថានឹងបានរីកចម្រើនក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោកនាពេលអនាគត។ មិននឹកស្មានថាមានរឿងបែបនេះកើតឡើងទាល់តែសោះ។ ទោះជាយ៉ាងណាក្ដី បាយដាន់ មិនបាននិយាយអ្វីពាក់ព័ន្ធនឹងការលក់ទីកតុកនេះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ